John 9
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើត
1កាលព្រះអង្គកំពុងយាងទៅព្រះអង្គក៏ទតឃើញបុរសម្នាក់ខ្វាក់ភ្នែកតាំងពីកំណើត 2ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូតើបុរសនេះជាអ្នកមានបាបឬមួយឪពុកម្ដាយរបស់គាត់ជាអ្នកមានបាបបានជាគាត់កើតមកខ្វាក់ភ្នែកដូច្នេះ» 3ព្រះយេស៊ូមានបន្ទូលតបថា៖ «មិនមែនដោយសារបុរសនេះឬឪពុកម្ដាយរបស់គាត់បានធ្វើបាបទេប៉ុន្តែដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានសំដែងមកតាមរយៈគាត់វិញ 4ដ្បិតយើងត្រូវបំពេញកិច្ចការរបស់ព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមកទាន់នៅថ្ងៃនៅឡើយដល់ពេលយប់គ្មាននរណាអាចធ្វើការបានទៀតទេ។ 5កាលណាខ្ញុំនៅក្នុងពិភពលោកនេះខ្ញុំជាពន្លឺនៃពិភពលោកនេះ»។ 6ពេលមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយព្រះអង្គក៏ស្ដោះទឹកមាត់ទៅលើដីហើយយកទឹកមាត់ធ្វើជាភក់លាបលើភ្នែករបស់បុរសនោះ 7រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ» (ពាក្យស៊ីឡោមមានន័យថាចាត់ឲ្យទៅ)ដូច្នេះគាត់ក៏ទៅលាងហើយត្រលប់មកវិញទាំងមើលឃើញ។ 8នោះពួកអ្នកជិតខាងនិងពួកអ្នកដែលធ្លាប់ឃើញគាត់ជាអ្នកសុំទានពីដើមមកបាននិយាយថា៖ «តើបុរសនេះមិនមែនជាអ្នកដែលធ្លាប់តែអង្គុយសុំទានទេឬ?» 9អ្នកខ្លះថា៖ «គឺគាត់ហ្នឹងហើយ!» អ្នកខ្លះទៀតថា៖ «ទេ! គាត់គ្រាន់តែស្រដៀងនឹងអ្នកនោះ!» ប៉ុន្តែគាត់ឆ្លើយថា៖ «ខ្ញុំហ្នឹងហើយ!»។ 10ដូច្នេះពួកគេក៏សួរគាត់ថា៖ «តើដូចម្ដេចបានជាភ្នែករបស់អ្នកភ្លឺ?» 11បុរសនោះឆ្លើយថា៖ «មានម្នាក់ឈ្មោះយេស៊ូបានធ្វើភក់លាបភ្នែករបស់ខ្ញុំរួចប្រាប់ខ្ញុំឲ្យទៅលាងនៅក្នុងស្រះស៊ីឡោមដូច្នេះខ្ញុំបានទៅលាងហើយក៏មើលឃើញ» 12ពួកគេសួរគាត់ទៀតថា៖ «តើអ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។ 13ពួកគេក៏នាំបុរសខ្វាក់ភ្នែកកាលពីមុននោះទៅជួបពួកអ្នកខាងគណៈផារិស៊ី។ 14ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺគឺចំថ្ងៃសប្ប័ទ។ 15ដូច្នេះពួកអ្នកខាងគណៈផារិស៊ីបានសួរគាត់ម្ដងទៀតអំពីរបៀបដែលធ្វើឲ្យគាត់មើលឃើញនោះគាត់ប្រាប់ពួកគេវិញថា៖ «គាត់បានយកភក់មកលាបលើភ្នែករបស់ខ្ញុំរួចខ្ញុំបានទៅលាងហើយក៏មើលឃើញ»។ 16ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។ 17ពួកគេក៏សួរបុរសខ្វាក់ភ្នែកពីមុននោះម្ដងទៀតថា៖ «តើអ្នកគិតថាអ្នកដែលធ្វើឲ្យភ្នែករបស់អ្នកភ្លឺនោះជានរណា?» គាត់ឆ្លើយថា៖ «គាត់ជាអ្នកនាំព្រះបន្ទូល»។ 18ប៉ុន្តែពួកជនជាតិយូដាមិនជឿថាគាត់ជាមនុស្សខ្វាក់ហើយបានមើលឃើញវិញទេដូច្នេះក៏ហៅឪពុកម្ដាយរបស់គាត់ដែលមានភ្នែកភ្លឺនោះមក 19សួរថា៖ «តើអ្នកនេះជាកូនប្រុសរបស់ពួកអ្នកដែលពួកអ្នកបានប្រាប់ថាខ្វាក់ភ្នែកពីកំណើតឬចុះឥឡូវនេះដូចម្ដេចបានជាគាត់មើលឃើញ?» 20ឪពុកម្ដាយរបស់គាត់ឆ្លើយថា៖ «យើងព្រមទទួលថានេះជាកូនប្រុសរបស់យើងហើយវាពិតជាខ្វាក់ពីកំណើតមែន! 21ប៉ុន្ដែយើងមិនដឹងថាឥឡូវនេះវាមើលឃើញបានយ៉ាងដូចម្ដេចទេហើយក៏មិនដឹងថានរណាបានធ្វើឲ្យភ្នែករបស់វាភ្លឺដែរវាដឹងក្ដីហើយសូមសួរវាចុះវាអាចឆ្លើយដោយខ្លួនឯងបាន»។ 22ឪពុកម្ដាយរបស់គាត់និយាយដូច្នេះព្រោះខ្លាចពួកជនជាតិយូដាដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថាបើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។ 23ហេតុនេះបានជាឪពុកម្ដាយរបស់គាត់និយាយថាវាដឹងក្ដីហើយសូមសួរវាចុះ។ 24ដូច្នេះពួកគេក៏ហៅបុរសខ្វាក់ភ្នែកពីមុននោះមកជាលើកទីពីរប្រាប់ថា៖ «ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ដោយនិយាយការពិតចុះដ្បិតយើងដឹងថាអ្នកនោះជាមនុស្សបាប 25គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថាតើអ្នកនោះជាមនុស្សបាបឬយ៉ាងណាទេខ្ញុំគ្រាន់តែដឹងថាពីមុនខ្ញុំខ្វាក់ភ្នែកប៉ុន្តែឥឡូវនេះខ្ញុំមើលឃើញ» 26ពួកគេក៏សួរគាត់ទៀតថា៖ «តើអ្នកនោះបានធ្វើអ្វីឲ្យអ្នក? តើគាត់ធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណា?» 27គាត់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយប៉ុន្តែអស់លោកពុំស្ដាប់ខ្ញុំទេហេតុអ្វីបានជាអស់លោកចង់ស្ដាប់ម្ដងទៀតតើអស់លោកចង់ធ្វើជាសិស្សរបស់គាត់ដែរឬ?» 28ពួកគេក៏ប្រមាថគាត់ថា៖ «ឯងទេជាសិស្សរបស់អ្នកនោះរីឯយើងវិញជាសិស្សរបស់លោកម៉ូសេ 29ព្រោះយើងដឹងថាព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែនប៉ុន្ដែអ្នកនោះវិញយើងមិនដឹងថាមកពីណាទេ!» 30បុរសនោះឆ្លើយទៅពួកគេថា៖ «រឿងនេះចម្លែកណាស់ដែលអស់លោកមិនដឹងថាគាត់មកពីណាប៉ុន្តែគាត់បានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។ 31យើងដឹងស្រាប់ហើយថាព្រះជាម្ចាស់មិនស្ដាប់មនុស្សបាបទេប៉ុន្តែបើមានអ្នកណាម្នាក់កោតខ្លាចព្រះជាម្ចាស់ហើយធ្វើតាមបំណងរបស់ព្រះអង្គទើបព្រះអង្គស្ដាប់អ្នកនោះ 32តាំងពីដើមមកមិនដែលឮថាមានអ្នកណាម្នាក់ធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ពីកំណើតភ្លឺឡើយ 33ដូច្នេះបើគាត់មិនមែនមកពីព្រះជាម្ចាស់ទេគាត់ពុំអាចធ្វើអ្វីបានឡើយ» 34ពួកគេឆ្លើយតបទៅគាត់ថា៖ «ឯងកើតមកមានបាបទាំងស្រុងតើឯងកំពុងបង្រៀនយើងឬ?» រួចពួកគេក៏បណ្ដេញគាត់ចេញ។ភាពខ្វាក់ខាងវិញ្ញាណ
35កាលព្រះយេស៊ូឮថាពួកគេបណ្ដេញគាត់ចេញនោះពេលព្រះអង្គជួបគាត់ព្រះអង្គក៏មានបន្ទូលសួរថា៖ «តើអ្នកជឿលើកូនមនុស្សដែរឬទេ?» 36គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! តើកូនមនុស្សជានរណាដែលអាចឲ្យខ្ញុំជឿគាត់បាន?» 37ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញគាត់ហើយគឺអ្នកដែលកំពុងនិយាយជាមួយអ្នកនេះហើយជាកូនមនុស្ស» 38គាត់ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំជឿហើយ!» រួចគាត់ក៏ថ្វាយបង្គំព្រះអង្គ។ 39ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះគឺដើម្បីឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើងហើយឲ្យពួកអ្នកដែលមើលឃើញត្រលប់ជាខ្វាក់វិញ» 40កាលពួកអ្នកខាងគណៈផារិស៊ីខ្លះដែលនៅជាមួយព្រះអង្គបានឮដូច្នេះក៏ទូលសួរព្រះអង្គថា៖ «តើយើងខ្វាក់ដែរឬទេ?» 41ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាមនុស្សខ្វាក់អ្នករាល់គ្នាគ្មានបាបទេប៉ុន្តែឥឡូវនេះអ្នករាល់គ្នានិយាយថាយើងមើលឃើញនោះបាបរបស់អ្នករាល់គ្នានៅតែមាន។
Copyright information for
KhmKCB